ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង ពោលគឺ មនុស្សជាកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ដូចជា ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ នេះជាការគូសបញ្ជាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម» ដែលរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពេញ កាលពីនារសៀល ថ្ងៃទី៦ ខែមីនា ២០២៥ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការតភ្ជាប់រវាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធត្រូវតែជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីទ្រទ្រង់ការពង្រីកពាណិជ្ជកម្ម និងការអភិវឌ្ឍរយៈពេលវែង។ កម្លាំងពលកម្មប្រកបដោយជំនាញ មានភាពសមស្រប និងភាពច្នៃប្រឌិត រួមផ្សំជាមួយបណ្តាញហេដ្ឋារចនាសម្ព័ន្ធនឹងទាក់ទាញការវិនិយោគ បង្កើនភាពប្រកួតប្រជែង និងសម្រួលពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។
ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ការបន្តវិនិយោគលើមនុស្សឱ្យក្លាយជាកម្លាំងជំនាញដ៏ចាំបាច់ ដោយធ្វើការរួមគ្នាដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដែលអាចដោះស្រាយបញ្ហាប្រឈមនាពេលអនាគតនឹងជំរុញឱ្យមានវិបុលភាពយូរអង្វែងសម្រាប់អាស៊ាន (សហគមន៍តែមួយ វាសនាមួយ)។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ឲ្យអនុវត្ត«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដែលមានអាទិភាពគន្លឹះ ចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ។ រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្លាំងលើការកសាងមូលធនមនុស្ស ធ្វើយ៉ាងណាឱ្យមនុស្សក្លាយជាមូលធនមនុស្សពិតប្រាកដរបស់ជាតិ ពោលគឺពូកែ ចំណេះជំនាញ យ៉ាងតិចមាន១ច្បាស់លាស់ ខ្លាំង ហើយមានសុខភាពល្អ មានសីលធម៌ល្អ ជំនាញរឹង ជំនាញទន់ គ្រប់បែបយ៉ាង ដើម្បីធ្វើការឱ្យមានប្រសិទ្ធភាពខ្ពស់៕





