ទឹកដោះម្តាយនិងអាហារត្រឹមត្រូវជាអាហារូបត្ថម្ភសំខាន់សម្រាប់ការវិវត្តន៍វ័យកុមារ

ភ្នំពេញ – កុមារតូចប្រៀបដូចជាកែវភ្នែករបស់ម្តាយឪពុក ដែលត្រូវថែរក្សា ថ្នាក់ថ្នម ផ្តល់អាហារ និងការពារពួកគេគ្រប់ពេលវេលា ។ ទារកអាយុប្រាំមួយខែ ចាប់ផ្តើមបៅច្រើនជាងមុន ការបំបៅកូនដោយទឹកដោះម្តាយសំខាន់បំផុតក្នុងដំណាក់កាលនេះ ។នេះបើតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ចាប់តាំងពីទារកកើតចេញពីផ្ទៃម្តាយរហូតដល់ប្រាំមួយខែ ម្តាយឪពុក ឬអាណាព្យាបាល គប្បីបំបៅកូនដោយដោះម្តាយតែមួយមុខសុទ្ធមិនត្រូវផ្តល់សារធាតុរាវផ្សេងៗឬអាហារឡើយ ។ ដោយឡែកទារកមានអាយុពីប្រាំមួយខែទៅដប់ពីរខែ ត្រូវបន្តការបំបៅដោះដោយទឹកដោះម្តាយ និងត្រូវផ្តល់អាហារបន្ថែមមានលក្ខណៈម៉ត់ ដើម្បីឲ្យរាងកាយកុមារងាយបឺតស្រូប ហើយ ជាអាហារចម្រុះ (បបរខាប់គ្រប់គ្រឿង) ឱ្យបានមួយថ្ងៃបីដង ។

អាហារបន្ថែម សំខាន់សម្រាប់កុមារក្នុងវ័យនេះ ដោយសារវាជាជំហានដំបូង ដែលកុមាររៀនស្គាល់រសជាតិអាហារប្រភេទរឹង និងរៀនទំពារ ដែលមាន ឥទ្ធិពលខ្លាំងលើការលូតលាត់ទាំងបញ្ហាស្មារតី និងរាងកាយរបស់គេ ។

ចំណែកកុមារអាយុពីដប់ពីរខែដល់ម្ភៃបីខែ ត្រូវផ្តល់របបអាហារឱ្យបានគ្រប់ គ្រាន់ បន្តបន្ថែមបំបៅទឹកដោះម្តាយ។ ការផ្តល់អាហារក្នុងដំណាក់កាលនេះ ជាអាហារទន់ងាយសម្រាប់កុមារទទួលទាន ។ អាហារសំខាន់ៗសម្រាប់ កុមារអាយុចាប់ពីម្ភៃបួនខែឡើងទៅមានដូចជា ប្រភេទក្រុមអាហារ ថាមពល, ក្រុមអាហារស្ថាបនា, និងក្រុមអាហារការពារ ។

ក្រុមអាហារថាមពល ជាអាហារដែលផ្តល់នូវកម្លាំងមានដូចជា៖ បាយ ពោត ដំឡូង ត្រាវចេកទុំ គ្រាប់ធញ្ញជាតិ ស្ករ ផ្លែឈើទុំ ទឹកឃ្មុំ ទឹកដោះម្តាយ ទឹកដូង ទឹកដោះគោ ខ្លាញ់ ប្រេងធញ្ញជាតិ ជាតិម្សៅ និងជាតិស្ករ ។ ក្រុមអាហារស្ថាបនា ជាប្រភេទអាហារទ្រទ្រង់ឬអភិវឌ្ឍន៍រាងកាយ និង ការលូតលាស់នៃសាច់ដុំ ខួរក្បាល និងផ្នែកជាច្រើនទៀតនៃរាងកាយ។ អាហារទាំងនោះរួមមានៈ សាច់ ទឹកដោះ ស៊ុត សណ្តែកសៀង តៅហ៊ូ និង គ្រឿងសមុទ្រ… ។ ក្រុមអាហារការពារ ជាប្រភេទអាហារសម្បូរដោយជីវជាតិអាជាតិដែក និងជាតិអ៊ីយ៉ូដ មានដូចជា បន្លែដែលមានស្លឹកពណ៌បៃតង ផ្លែឈើស្រស់ សាច់ ស៊ុត ត្រី ខ្លាញ់ ថ្លើមត្រី គ្រាប់ធញ្ញជាតិ អាហារសមុទ្រ អំបិលអ៊ីយ៉ូដ និងប្រភេទអាហារកែច្នៃផ្សេងៗទៀត ។ ការអនុវត្តតាមវិធីទាំងនេះ កុមារនឹង មានសុខភាពរឹងមាំ រាងកាយនិងប្រាជ្ញាស្មារតីកុមារលូតលាស់ល្អប្រសើរ ។

យោងតាមការអង្កេតប្រជាសាស្ត្រនិងសុខភាពនៅកម្ពុជាឆ្នាំ២០១៤ អត្រា ស្លាប់របស់ទារកនិងកុមារបានធ្លាក់ចុះជាលំដាប់នៅកម្ពុជា ។ ថ្វីបើយ៉ាងនេះ ក៏ដោយ កុមារម្នាក់ក្នុងចំណោមកុមារ ២៩នាក់នឹងនៅតែមិនបានប្រារព្ធខួប កំណើតលើកទី៥ របស់ពួកគេ ។ អត្រាមរណភាពរបស់កុមារមានទំនាក់ ទំនងយ៉ាងជិតស្និទ្ធទៅនឹងកង្វះអាហាររូបត្ថម្ភជាពិសេសនៅក្នុង ១០០០ថ្ងៃ ដំបូងនៃជីវិត ។

កង្វះអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងគ្រួសារ កង្វះ ចំណេះដឹងពីរបបអាហារសមស្របសម្រាប់ទារក និងកុមារ កង្វះអនាម័យ និងការទទួលសេវាសុខាភិបាលមិនគ្រប់គ្រាន់ សុទ្ធតែបង្កជាបញ្ហាកង្វះ អាហាររូបត្ថម្ភខ្ពស់ ។ នេះបើយោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រនិង សុខភាពកម្ពុជា(CDHS) ។

របាយការណ៍ដែលចេញផ្សាយកាលពីឆ្នាំ២០១៤នេះឱ្យដឹងថា បញ្ហាកង្វះ អាហាររូបត្ថម្ភក្នុងចំណោមកុមារនៅតែជាបញ្ហាគួរឱ្យបារម្ភនៅក្នុងប្រទេស កម្ពុជា ។ កង្វះអាហាររូបត្ថម្ភបណ្តាលឱ្យកុមារប្រមាណ ៤៥០០នាក់ស្លាប់ជា រៀងរាល់ឆ្នាំ ដែលតួលេខនេះស្មើនឹងមួយភាគបីនៃចំនួនកុមារស្លាប់ ទាំងអស់ក្នុងប្រទេសកម្ពុជា ។

ក្រៅពីបានសម្លាប់កុមារកម្ពុជាជាច្រើន កង្វះអាហាររូបត្ថម្ភនេះក៏បានបង្កជា បញ្ហាសុខភាពដល់កុមារកម្ពុជាផងដែរ។ របាយការណ៍ដដែលឱ្យដឹងថា កុមារអាយុក្រោម៥ឆ្នាំចំនួន៣២ភាគរយមានបញ្ហាក្រិសក្រិន (កុមារមាន កម្ពស់ទាបពេកធៀបនឹងអាយុ) ១០ភាគរយមានបញ្ហាស្គមស្គាំង និងចំនួន ២៤ភាគរយមានបញ្ហាខ្វះទម្ងន់ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment