អត្តពលិក​​ជាង១ម៉ឺននាក់ ចូលរួម​រត់ប្រណាំ​​ង​អន្តរ​ជាតិពាក់​កណ្តាលម៉ារ៉ា​តុងអង្គរវត្ត លើកទី២៩ នៅ​ខេត្តសៀមរាប

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ដែលបានធ្វើឡើងខេត្តសៀមរាប កាលពីថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤ បានប្រព្រឹត្តដោយរលូន និង​វត្តមាន​អត្តពលិ​ក​​ជាតិនិងអត្តពលិកអន្តរជាតិ ប្រមាណជាង១ម៉ឺន៤ពាន់នាក់ បានមកចូលរួមរត់ ។ សម្រាប់ឆ្នាំនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនិងតំណាងស្ថានទូតនៃបណ្ដាប្រទេសមួយចំនួនប្រចាំនៅកម្ពុជា ក៏បានចូលរួមរត់ផងដែរ។

ថ្លែងនៅក្នុងពិធីបើកទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំនេះមានអត្តពលិកចូលរួម មានចំនួនកើនច្រើនជាងឆ្នាំមុន ហើយការចូលរួមរបស់កីឡាករអាជីពនិងមិនអាជីពទាំងអស់មកពីបណ្តាប្រទេសជាច្រើនក្នុងព្រឹត្តិការណ៍នេះ គឺជា​សក្ខីភាព​ជាក់ស្តែងយ៉ាងច្បាស់ពីសន្តិភាពនិងស្ថិរភាពនយោបាយនៅកម្ពុជា ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះ នឹងនាំជូនអត្តពលិកជាតិនិងអត្តពលិកអន្តរជាតិ នូវស្នាមញញឹម សុវត្ថិភាព និងភាពកក់ក្តៅ​ពោរពេញដោយ​អនុស្សាវ​រីយ៍​ល្អៗដែលមិនអាចបំភ្លេចបាន។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អត្តពលិកជាតិនិងអត្តពលិកអន្តរជាតិ ដែលបានចូលរួមរត់ ដើម្បីគាំទ្រដល់យុទ្ធនាការអប់រំសុខភាពសាធារណៈ និង​សកម្ម ភាពមនុស្សធម៌ ជាពិសេស ដល់ជនរងគ្រោះដោសារគ្រាប់មីន។ និងកោតសរសើរដល់គណកម្មាធិការជាតិអូឡាំពិក ដៃគូសហការ និងតួអង្គពាក់ព័ន្ធទាំងអស់ដែ​លបាន​ខិតខំ​អស់​ពីកម្លាំង​កាយចិត្ត រៀបចំព្រឹត្តិការណ៍នេះបានយ៉ាងទៀងទាត់ និងមានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ។

គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួនជាង១ម៉ឺន៤ពាន់នាក់ ក្នុងនោះ អត្តពលិកខ្មែរ ចំនួនជាង១ម៉ឺននាក់ និងអត្តពលិកអន្តរជាតិចំនួន ជាង៣ពាន់នាក់ មកពី៨៧ប្រទេស ។ ចំនួននេះដោយមានការកើនឡើង ៤០% ធៀបនឹង ឆ្នាំ២០២៣ ដែលប្រទេសចូលរួមច្រើនជាងគេគឺ ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី និង ជប៉ុន និងអាមេរិក។ ចំពោះការរត់ប្រណាំងនេះ គឺមាន ៤វិញ្ញាសា ទាំងការរត់ប្រណាំង និងប្រណាំងរទេះជនពិការ ក្នុងនោះចម្ងាយ២១គីឡូម៉ែត្រ,ចម្ងាយ១០គីឡូម៉ែត្រ,ចម្ងាយ៥គីឡូម៉ែត្រ និងចម្ងាយ៣គីឡូម៉ែត្រ ដែលជាប្រភេទរត់កម្សាន្ត៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment