ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកដំណើរការសាខាបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ។ ជាមួយគ្នានោះ ក៏នឹងមានការរៀបចំពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ឆ្នាំ២០២៤ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧-១៨ ខែសីហា ចាប់ពីវេលាម៉ោង៩ព្រឹក រហូតដល់ម៉ោង៨និង៣០នាទីយប់។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព រៀបចំឡើងជាវេទិកាថ្មីមួយនៅតាមផ្សារទំនើប ដើម្បីជាការជួបជុំគ្នានៅកន្លែងតែមួយ ដែលងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងអ្នកស្វែងរកការងារ ផ្សព្វផ្សាយព័ត៌មាន ឱកាសការងារ កម្មវិធីអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងកម្មសិក្សាការងារ រួមនិងការតាំងបង្ហាញបច្ចេកវិទ្យាថ្មីៗ ដោយគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស។
ឯកឧត្តម កត្តា អ៊ន បានបន្តថា គោលបំណងពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ផ្ដោតលើគោលបំណងសំខាន់ៗដូចជា
ទី១. និយោជកធ្វើការផ្សព្វផ្សាយពីឱកាសការងារ និងតម្រូវការជ្រើសរើសកម្លាំងពលកម្ម ដើម្បីទាក់ទាញអ្នកស្វែងរកការងារដែលមានសមត្ថភាព,
ទី២. អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាលអាចផ្សព្វផ្សាយកម្មវិធីវគ្គអប់រំបណ្តុះបណ្តាល ការអភិវឌ្ឍជំនាញផ្សេងៗ និងឱកាសអាហារូបករណ៍
ទី៣. សិស្ស និស្សិត អ្នកស្វែងរកការងារ និងសាធារណជនទូទៅ អាចទទួលបានព័ត៌មានឱកាសការងារ ប្រឹក្សាយោបល់ និងមគ្គុទ្ទេសក៍អាជីព ការងារ និងវិជ្ជាជីវ: តាមរយ:វេទិកាពិភាក្សាចែករំលែកចំណេះដឹង បទពិសោធន៍ និងគន្លឹះសំខាន់ៗផ្សេងៗ ក៍ដូចជានៅតាមបញ្ជរតាំងបង្ហាញរបស់ក្រុមហ៊ុន
ទី៤. ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន អាចបង្កើនការទំនាក់ទំនងដើម្បីស្វែងរកដៃគូសហការពាណិជ្ជកម្ម និងចែករំលែកនូវព័ត៌មានអំពីតម្រូវការ និងការផ្គត់ផ្គង់ជំនាញក្នុងទីផ្សារការងារ
និងទី៥. ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពី ទីតាំងផ្តល់សេវាការងារ និងសេវារបស់បេឡាជាតិសន្តិសុខសង្គម ដែលមានការិយាល័យផ្តល់សេវារបស់ខ្លួនដោយផ្ទាល់ នៅទីតាំងផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី។
គួរបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ឆ្នាំនេះមានក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ២០ ដែលប្រមូលផ្តុំព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ៥៣០០ កន្លែង។ ក្នុងនោះដែរ កម្មវិធីក៏មានវេទិការចែករំលែកចំណេះដឹង និងបទពិសោធន៍ និង «ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសកម្មសិក្សាការងារ»ដោយវាគ្មិនចំនួន ៥ រូប ព្រមទាំងមានការប្រគុំតន្ត្រី និងការចូលរួមឆ្លើយសំណួរដើម្បីទទួលបានរង្វាន់ផងដែរ៕






