យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា ពលករខ្មែរម្នាក់ បានស្លាប់ក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃសុក្រទី២៨ មីនា ខណៈកំពុងស្នាក់នៅ និងធ្វើការនៅទីនោះ។
ជនរងគ្រោះជាពលរដ្ឋខ្មែរនេះ មានឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
សេចក្តីប្រកាសដដែល បានបញ្ជាក់ទៀតថា ក្រុមការងារក្រសួង រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ និងមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែន ក៏នៅចាំជួយសម្រួលឯកសារផ្សេងៗ រង់ចាំទទួលសព និង កំពុងរៀបចំពិធីបុណ្យសពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅឯគេហដ្ឋានសពផងដែរ។
ជាមួយនឹងស្លាប់ពលករខ្មែរនៅក្នុងហេតុការណ៍រញ្ជួយដីនៅប្រទេសថៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក៏បានបង្ហាញក្ដីក្ដុកក្ដួលរំជួលចិត្ត និងចូលរួមរំលែកទុក្ខ ហើយចាត់ទុកការស្លាប់ពលករខ្មែរនេះ ជាការបាត់បង់កូនជាទីស្រលាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចំពោះឪពុកម្តាយ ជីដូន ជីតា និងញាតិមិត្តជាទីស្រលាញ់។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ហើយរញ្ជួយដល់ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា បានធ្វើឲ្យអគារមួយកន្លែងនៅទីក្រុងបាងកក បាក់រលំ ។ ប្រតិបត្តិការស្វែងរកជនរងគ្រោះដោយសាររញ្ជួយដី នេះបានបន្តលើស៧២ម៉ោងហើយ ខណៈតួលេខមនុស្សស្លាប់នៅទីក្រុងបាងកក កើនឡើងដល់១៨នាក់ និង៧៦នាក់ផ្សេងទៀតបាត់ខ្លួន ។
ដោយឡែក តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ២,០៥៦នាក់ហើយ ខណៈមនុស្សប្រមាណ ៣,៩០០នាក់ បានរងរបួស និងជិត ២៧០នាក់នៅបន្តបាត់ខ្លួន។ ក្រុមអ្នកជួយសង្គ្រោះជាតិ និងអន្តរជាតិ កំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយសង្គ្រោះជីវិតមនុស្សបន្ថែមទៀតនៅក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះរញ្ជួយដីនេះ៕





