សម្តេចនា​យករដ្ឋមន្ត្រី រំពឹងថា កំពង់ផែទេសចរណ៍​អន្តរជាតិកំពត នឹងក្លាយ​​ជាច្រកទ្វារអន្តរជាតិ​ផ្លូវទឹកទេសចរណ៍​​ថ្មីរបស់កម្ពុជា

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលបានចំណាយថវិកាប្រមាណ ១០លានដុល្លារអាម៉េរិក បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតី​ភាពសម្តេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។ កំពង់ផែទេសចរណ៍មួយនេះ សាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា និងមានទីតាំងភូមិសាស្រ្តស្ថិត​នៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។

ថ្លែងក្នុងពិធីសម្ពោធ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំពង់ផែនេះ ជាច្រកទ្វារអន្តរជាតិផ្លូវទឹកថ្មីតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ ដែលនឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់​គោលដៅទេសច​រណ៍​ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងប្រទេសកម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការតភ្ជាប់ទាំងអស់នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់​ឱកាសការ​ងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំង​កម្សាន្តថ្មីៗនៅក្នុងភូមិសាស្រ្តខេត្តកំពតនិយាយដោយឡែក និងបណ្តាខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

លោកស្រី យ៉ូតសាណា វ៉ាម៉ា (yotsana Varma) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ក៏បានបញ្ជាក់ដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី ADB មានមោទនភាព ដែលបានសហការជាមួយនឹងក្រសួងទេសចរណ៍ ,ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពត ដែលបានអនុវត្ត​គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធទេសចរណ៍​សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ។

លោកស្រី បានបន្តថា គម្រោងនេះ បានជួយគាំទ្ររាជរដ្ឋាភិបាល សាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត និងការធ្វើឱ្យប្រសើរនូវ​បរិស្ថានជុំវិញផ្សារ​ក្តាម​ខេត្តកែប ជាដើម ហើយគោលដៅចម្បងរបស់គម្រោងនេះ ក៏ជួយប្រែក្លាយខេត្តកំពតទៅជាគោលដៅទេសចរណ៍ប្រកបដោយបរិយាបន្ន និងប្រកួតប្រជែង តាមរយៈការតភ្ជាប់ផ្លូវទឹកជាមួយវៀតណាម និងថៃ ក៏ដូចជាការតភ្ជាប់កោះនានានៅក្នុងខេត្តជាប់មាត់សមុទ្រទាំងបួនរបស់កម្ពុជា។

គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយបានប្រើប្រាស់ថវិកាក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ១០លានដុល្លារអាម៉េរិក រួមជាមួយនឹង​ថវិកាបដិភា​គ​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាលសម្រាប់ពន្ធអាករផ្សេងៗ ការទ្រទ្រង់លើបន្ទុកបុគ្គលិក និងការបំពាក់ឧបករណ៍សម្ភារបរិក្ខារការិយាល័យជាដើម។

ដោយឡែក តាមការគ្រោងទុករបស់គម្រោងសាងសង់កំពង់ផែទេសចរណ៍នេះ តម្រាយផ្លូវនាវាចរណ៍ ត្រូវមានជម្រៅទឹក ៣ម៉ែត្រ ដោយរាប់​ចាប់ពីទី​តាំងបត់នាវារហូតដល់ផ្ទៃសមុទ្រ ដែលមានប្រវែង ៦,៧៥គីឡូម៉ែត្រ និងទទឹងទំហំ ៦២ម៉ែត្រ ចែកជា ២គន្លងទៅមក។ កំពង់ផែនេះ មាន​លក្ខ​ណៈ​អំ​​ណោយផលល្អពីធម្មជាតិដែលអាចអនុញ្ញាតឱ្យនាវាផ្ទុកអ្នកដំណើរ ឬភ្ញៀវទេសចររហូតដល់ ៣០០នាក់ ចូល-ចេញកំពង់ផែនេះជាលក្ខ​ណៈអន្តរជាតិបាន៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment