ក្រសួងសន្តិសុខសាធារណៈវៀតណាម ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងមហាផ្ទៃកម្ពុជា

នៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៦ ឧសភា ឯកឧត្តម លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងសន្ដិសុខសាធារណៈវៀតណាម ប្តេជ្ញាបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា​ ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិសុខ, ស្ថិរភាព និង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេស ទាំងពីរ។

ឯកឧត្តម លឿង តាមខ្វាង បានសម្ដែងនូវក្ដីសោមនស្សចំពោះភាពរីកចម្រើននៃចំណងមិត្តភាព,​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង កម្ពុជា, ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាការជួញដូរមនុស្ស, បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀនជាដើម។

ជាមួយគ្នានេះ​  សម្ដេចបវរធិបតី ហ៊ុ​ន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងក្រសួងសន្តិសុខសាធារណៈវៀតណាម​ និង​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​ ដែលត្រូវបានពង្រឹង និង​ ពង្រីក ជាប់ជាប្រចាំ ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រសួងសន្តិសុខសាធារណៈវៀតណាម ដែលបានចូលរួមចំណែកដល់ការកសាង​ធនធាន​មនុស្សកម្ពុជា​ តាមរយៈ​ការ​បណ្តុះបណ្តាល​ និង​ពង្រឹង​សមត្ថភាពដល់​សិក្ខាកាមកម្ពុជា ជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ, សម្ដេចនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តដល់ក្រសួងទាំងពីរបន្តប្រពៃណីនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេស​ កិច្ចសហការលើការងារបណ្ដុះបណ្ដាល, ការថែរក្សាសន្តិសុខ, ស្ថិរភាព និងការទប់ស្កាត់ ក៏ដូចជាការបង្ក្រាបបទល្មើសនានា ដើម្បីរួមចំណែកលើកកម្ពស់បន្ថែមទៀត ដល់ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment