សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) នៅវៀតណាម នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ មិថុនា តបតាមការអញ្ជើញរបស់ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម។
ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម ដែលក្នុងនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរ គ្រោងនឹងលើកពិភាក្សាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួម។
សម្ដេចធិបតី ក៏នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ចំពោះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និងឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាជាតិវៀតណាម ព្រមទាំងជួបពិភាក្សាជាមួយ ឯកឧត្តម ជិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ផងដែរ។
ក្រៅពីនេះ សម្តេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ «រួមគ្នា ស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូល ដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យពាណិជ្ជកម្ម ការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន»។

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជីញអមដំណើរ សម្ដេចបធិបតី និងលោកជំទាវបណ្ឌិត នាឱកាសនោះ រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។
គួរបញ្ជាក់ថា តាមការគ្រោងទុកសម្ដេចធិបតី និងលោកជំទាវបណ្ឌិត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ៕





