ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ ។ គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងការទូតឱ្យកាន់តែជិតស្និទ្ធ ជាពិសេសពាក់ព័ន្ធលើវិស័យវប្បធម៌ និងទេសចរណ៍។
ក្នុងជំនួបនេះ ឯកឧត្ដម ឯកអគ្គរដ្ឋទូតឥណ្ឌា បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាត ក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែង នៅរាជធានីភ្នំពេញ នាថ្ងៃទី២២ មីនា ខាងមុខនេះ ដោយទិវានេះនឹងមានការសហការចូលរួម ពីបណ្ដាប្រទេសជាច្រើន រួមមានប្រទេសថៃ ឡាវ វៀតណាម មីយ៉ាម៉ា និងកម្ពុជាផងដែរ។
ទន្ទឹមគ្នានេះ ឯកឧត្ដម ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានលើកឡើងដែរថា ឥណ្ឌា និងកម្ពុជាមានទំនាក់ទំនងការទូត ល្អជាមួយគ្នា ហើយឥណ្ឌា បានជួយកម្ពុជាយ៉ាងច្រើន ដូចជាក្នុងវិស័យអប់រំ ,ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្ដល់នូវអាហារូបករណ៍ដល់និស្សិត បានទៅសិក្សារៀនសូត្រ នៅប្រទេសឥណ្ឌា និងការជួយជួសជុលប្រាសាទបុរាណមួយចំនួននៅកម្ពុជា ពិសេសការជួសជុលប្រាសាទតាព្រហ្ម និងប្រាសាទព្រះវិហារ។
តាមរយៈទំនាក់ទំនងការទូតល្អប្រសើរនេះ ឥណ្ឌាក៏បានបង្កើតឲ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់រាជធានីភ្នំពេញ ហើយនឹងបន្តជើងហោះហើរត្រង់ពីឥណ្ឌា មកកាន់ខេត្តសៀមរាបបន្ថែមទៀត។ លើសពីនេះ ជនជាតិឥណ្ឌា បានមករស់នៅធ្វើការរកស៊ី នៅក្នុងប្រទេសកម្ពុជាមានប្រមាណជាង ៥០០០នាក់ ដែលភាគច្រើនពួកគេ រស់នៅនិងរកស៊ីនៅក្នុងរាជធានីភ្នំពេញ។
ពាក់នឹងការស្នើរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា លើការៀបចំទិវាម្ហូបអាហារនៅរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានឯកភាព និងអនុញ្ញាតឲ្យមានការរៀបចំ នៅមុខវត្តឧណ្ណាលោម ស្របពេល ដែលអាជ្ញាធររាជធានីភ្នំពេញ កំពុងបង្កើតឱ្យមានផ្លូវថ្មើជើង Walk Street នៅទីតាំងនេះ ដែលបង្កលក្ខណៈងាយស្រួលទៅដល់ការរៀបចំ។
ឯកឧត្ដម រំពឹងថា នៅពេលស្ថានទូតរៀបចំឲ្យមានការទិវាម្ហូបអាហារនៅទីតាំងនេះ នឹងធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍ កើនឡើងថែមទៀត ខណៈពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ភ្ញៀវជាតិនិង អន្តរជាតិ មានការកើនឡើងជាលំដាប់៕





