រាជរដ្ឋាភិបាល មិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិនោះទេ ផ្ទុយទៅវិញគម្រោងចំណាយរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសង្គមកិច្ច អប់រំ និងសុខាភិបាល មានតែបន្តកើនឡើងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ព្រោះការវិនិយោគនេះ គឺដើម្បីពង្រឹងធនធានមនុស្ស ដែលជាជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាល។
នេះជាការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។





