សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ​ដើម្បីចូលរួមកិច្ច​ប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី

តាមរយៈយន្តហោះពិសេស នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី ​ដើម្បីចូលរួមកិច្ច​ប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើកទី៣៥ តបតាមការអញ្ជើញ​របស់ឯកឧត្តម ភ្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី។ កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសដ្ឋានអន្តរជាតិតេជោ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការកំណត់​ទិសដៅជំរុញបន្ថែមទៀត​នូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ហើយថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បីចូលរួមចំណែក​ដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងក្រៅតំបន់។

ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតី នឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងនឹងមានជំនួបទ្វេភាគីមួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលផ្តល់ផលប្រយោជន៍រួម និងមានអត្ថប្រយោជន៍ទៅវិញទៅមក។

គួរបញ្ជាក់ថា តាមការគ្រោងទុក សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ៕

 

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment