ឯកឧត្ដម ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី បានបញ្ជាក់ថា អូស្ត្រាលី នឹងបង្កើនចំនួនអាហារូបករណ៍ ពី៤៥ទៅ ៦២ កន្លែង ដែលនឹងចាប់ផ្ដើមវគ្គសិក្សានៅខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ស្របគ្នាដែលឆ្នាំនេះ គឺជាខួបឆ្នាំទី៣០ នៃអាហារូបករណ៍អូស្ត្រាលី បានដល់ជូនចំពោះកម្ពុជា។ ការបញ្ជាក់របស់ឯកឧត្តម ឯកអគ្គរាជទូតដូចនេះ បានធ្វើឡើងនៅក្នុងឳកាសចូលជូនសារតាំង ដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម ឯកអគ្គរាជទូត បានបន្តថា ឲ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី តែងតែផ្តល់អាទិភាព និងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងទ្វេភាគី អូស្រ្តាលី-កម្ពុជា ដែលជាសមាជិកសំខាន់ និងមានឥទ្ធិពលរបស់អាស៊ាន និងទំនាក់ទំនងជាមួយអាស៊ានផងដែរ ។ ប្រទេសអូស្ត្រាលី មានផលប្រយោជន៍ជាច្រើន ជាមួយកម្ពុជា ហើយឯកឧត្តម សន្យាថា និងជំរុញបន្ថែមទៀត ដល់អ្នកពាក់ព័ន្ធនានា ចូលមកប្រទេសកម្ពុជា ដើម្បីជួយជំរុញនិងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានបង្កើនចំនួនអាហារូបករណ័ដល់និស្សិតកម្ពុជា ពីចំនួន ៤៥ មក៦២នាក់។
សម្តេចតេជោ បានបន្តថាក្រៅពីនិស្សិតទួលបានអាហារូបករណ៍ ក៏មាននិស្សិតកម្ពុជាជាច្រើនទៀត ក៏បានសម្រេចចិត្តទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ដោយសារតែអូស្រ្តាលី នៅជិតជាងប្រទេសអឺរ៉ុប និងអាមេរិក, មានគុណភាពអប់រំខ្ពស់ និងមានវប្បធម៌រស់នៅប្រហាក់ប្រហែលវប្បធម៌អាស៊ី ដែលអាណាព្យាបាលភាគច្រើនពេញចិត្ត។ សម្តេចពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលលីទាំងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអាស៊ាន៕





