«ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន» គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង ៥ របស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ។ ក្នុងនោះគឺរាជរដ្ឋាភិបាលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និង ស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និង ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និង មាតា ។
ក្នុងពិធិបិទសន្និបាតសុខាភិបាល លើកទី៤៣ របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តភ្លាមៗនូវកម្មវិធីគោលនយោបាយអាទិភាពទី ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំងប្រាំមួយ គឺការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ។

ទន្ទឹមនឹងនេះ,សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដោយផ្តោតជាចម្បងលើ ៖ ទី១. ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែក, ទី២. ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ការងារនិយ័័តកម្ម និង ការឆ្លើយតបទៅនឹងការគំរាម-កំហែងសុខភាពសាធារណៈ និង គ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន, និង ទី៣. ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និង ឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់ ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ដោយបានកំណត់បញ្ចកោណយុទ្ធសាស្ត្រទី១ គឺ «ការអភិវឌ្ឍមូលធនមនុស្ស» ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និង កំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ន និង ភាពធន់ ។ មូលធនមនុស្ស មានសុខភាពល្អ និង គុណភាពខ្ពស់ គឺជាទ្រព្យសកម្មរបស់ជាតិដ៏មានតម្លៃ និង ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ៕






