ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ បានធ្វើឡើងក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ប្រធានបទគន្លឹះនៅឆ្នាំនេះ គឺមានគោលដៅជំរុញឱ្យមានការដាក់បញ្ចូលវិស័យពិការភាពក្នុងប្រព័ន្ធឧស្សាហកម្មទំនើបជំនាន់ទី៤ ដោយផ្លាស់ប្តូរវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព សុក្រឹតភាព គុណភាព និងគណនេយ្យភាព នៃសេវាកម្មឱ្យកាន់តែប្រសើរជាងមុន។
ក្នុងសារលិខិតក្នុងឱកាសទិវាជនមានពិការភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងជំរុញនិងបង្កើនល្បឿនក្នុងការធ្វើបរិយាបន្នពិការភាពទៅក្នុងប្រព័ន្ធ បច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ តួយ៉ាងដូចជាវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច នយោបាយ វប្បធម៌ សិល្បៈ កីឡាជាដើម ដោយប្រើប្រាស់យុគសម័យបរិវត្តកម្មឌីជីថលជាសកលនាពេលបច្ចុប្បន្នឱ្យក្លាយ ជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមដល់សង្គមជាតិកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំឲ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវខិតខំកសាងសមត្ថភាពមន្ត្រីរាជការរួមទាំងមន្ត្រីមានពិការភាពឱ្យ ចេះប្រើប្រាស់ឌីជីថលនៅក្នុងសម័យកាលថ្មីនេះ ដើម្បីជាប្រយោជន៍ដល់ការងាររបស់អង្គភាពនិងសកម្មភាព រស់នៅប្រចាំថ្ងៃ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលមានសសរស្តម្ភចំនួន៣ គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ ពលរដ្ឋឌីជីថល សំដៅដល់ពលរដ្ឋដែលចេះប្រើបច្ចេកវិទ្យាឌីជីថលក្នុងការងារនិងសកម្មភាព រស់នៅប្រចាំថ្ងៃ, រដ្ឋាភិបាលឌីជីថល សំដៅដល់ទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនិងសេវាសាធារណៈតាមប្រព័ន្ធ ឌីជីថល, និងធុរកិច្ចឌីជីថល សំដៅដល់ការគ្រប់គ្រងសេវាកម្មឯកជន អាជីវកម្ម មុខជំនួញចម្បងៗដោយ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល៕





