កម្ពុជាបានសម្រេចស្នាដៃដ៏លេចធ្លោមួយទៀតហើយ នៅក្នុងតំបន់និងពិភពលោក, ដោយបានក្លាយជាប្រទេសទី១ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងប្រទេសមួយក្នុងចំណោមប្រទេស៧ក្នុងពិភពលោកដែលអាចសម្រេចបានគោលដៅ សកលយ៉ាងត្រចះត្រចង់នៃការប្រយុទ្ធនឹងជំងឺអេដស៍។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ជោគជ័យដ៏ធំធេងនេះបានទទួលការសាទរនិងកោតសរសើរពីលោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នៃកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍(UNAIDS)។ ការអបអរសាទរនិងកោតសរសើរនេះត្រូវបានធ្វើឡើងនាឱកាសដែលលោកនាយកប្រចាំតំបន់រូបនេះបានអញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី នៅវិមានសន្តិភាព កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
ជោគជ័យដែលកម្ពុជាសម្រេចបាននោះគឺ គោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ មានន័យថា ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នកដែលដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥% នៃអ្នកដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍កម្រិតទាប ដែលជាដំណើរឆ្ពោះទៅរកការបញ្ចប់ការគំរាមកំហែងចំពោះសុខភាពសាធារណៈ ដោយសារអេដស៍ នៅឆ្នាំ២០៣០។





