រាជរដ្ឋា​ភិបាល វិនិយោគ​ថវិកា​ចំនួន ៦០លានដុល្លារ​អា​មេរិក ដើម្បីបង្កើនសមត្ថភាពផ​លិតទឹក​ស្អាតជូន​ពលរដ្ឋ

ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានធ្វើការវិនិយោគថវិកាចំនួន ៦០លានដុល្លារអាមេរិក ជាបន្តបន្ទាប់ដើម្បីបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។

បើតាមការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថាថវិកាចំនួន ៦០លានដុល្លារអាមេរិកនេះ គឺរាជរដ្ឋាភិបាលនឹងផ្តល់ក្នុងរយៈពេលបីឆ្នាំ ពោលគឺមួយឆ្នាំ២០លានដុល្លារ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅខេត្តចំនួន៥ រួមមានខេត្តកំពត, ខេត្តស្វាយរៀង, ខេត្តកំពង់ធំ, ខេត្តមណ្ឌលគីរី និងខេត្តពោធិ៍សាត់ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា​ ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។

ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។ រាជរដ្ឋាភិបាល នឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹកស្អាត មានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេសនៅថ្ងៃអនាគត។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់ ក្រសួងអភិវឌ្ឍន៍ជនបទអត្រាគ្របដណ្តប់ទឹកស្អាត សម្រេចបានអត្រា ៨៦,០៩% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment