ចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហារ ទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ។
ក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី៤ ខែកក្កដា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រ វេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់ ដើម្បីធានានូវគុណភាពនិងនិរន្តរភាពនៃការនាំចេញ ។
ក្រសួង ក៏ជំរុញឱ្យម្ចាស់ចម្ការនិងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។ ក្រៅពីអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ ដើម្បីជំរុញផលិតកម្ម ការវេចខ្ចប់ និងការនាំចេញផ្លែទុរេនស្រស់កម្ពុជាឱ្យទទួលបានជោគជ័យយូរអង្វែង។
គួរបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង មកកាន់កម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ កម្ពុជា និងចិន បានចុះហត្ថលេខាលើឯកសារពិធីសារចំនួន ៣ សម្រាប់ការនាំចេញផលិតផលកសិកម្មចំនួន ៣មុខរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងនោះក៏បាន ការចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិនផងដែរ។
មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន៕





