សម្តេចនា​យករដ្ឋមន្ត្រី ជំរុញឲ្យ​ស្ថាប័នពាក់ព័ន្ធ​បន្តពង្រឹងយន្តការ​លើក​កម្ពស់អនា​ម័​យជនបទ​ឲ្យកាន់តែ​ប្រសើរ

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥នៅកម្ពុជា។ ក្នុងឳកាសប្រារព្ធទិវាជាតិឆ្នាំនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យបន្តពង្រឹងយន្តការក្នុងការសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ដើម្បីសម្រេចឲ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ១០០% នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅឆ្នាំ២០៣០ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការ ខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍ វិស័យឯកជន ដើម្បីចូលរួមចំណែកជំរុញ និងលើកកម្ពស់អនាម័យជនបទ ,ពង្រឹងយន្តការចងក្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រា គ្របដណ្តប់អនាម័យជនបទ ឱ្យបានកាន់តែច្បាស់លាស់ និងត្រូវខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ ដែលសមស្របនិង មានភាពធន់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងកាកសំណល់លាមក។

ជាមួយគ្នានេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏ណែនាំឲ្យបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិ ដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបាន សេវាអនាម័យជនបទកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ដើម្បីផ្សព្វផ្សាយក្រើនរំលឹក អំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទ និងរួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើង នូវស្ថានភាពអនាម័យជនបទនៅកម្ពុជា។

បច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យរបស់សហគមន៍ ជនបទនៅកម្ពុជា បានកើនឡើងដល់ប្រមាណជាង ៩០% ដែលក្នុងនោះមានភូមិចំនួនជាង៩ពាន់ភូមិ ឃុំចំនួនជិត៨០០ ស្រុកចំនួន៧៩ ក្រុងចំនួន១៥ ខណ្ឌចំនួន១៤ និងខេត្តចំនួន១០ រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តរតនគិរី និង ខេត្តសៀមរាប បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment