ជប៉ុន ​ផ្តល់​ជំនួយ​រថយន្តប្រមូល​​​សំរាម​ ១០គ្រឿង​​បន្ថែម​​ដល់កម្ពុជា​ ដើម្បីរួម​ចំណែក​គាំ​ពារ​​បរិស្ថាន

ប្រទេសជប៉ុន បានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់«ភាពស្អាត» របស់ប្រទេសកម្ពុជា ។ ពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា» បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀង រវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ពេលនេះ គឺជាការបោះជំហានថ្មីមួយទៀត ក្នុងការ​ចូលរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំ គោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតលើការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលកន្លងមកបានផ្តល់រថយន្តដឹកសំរាម ចំនួន ២០គ្រឿង និងបានបន្តប្រគល់ជូនទៅដល់រដ្ឋបាលក្រុង ស្រុកគោលដៅ និងសម្រាប់ឆ្នាំ២០២៤នេះ ប្រទេសជប៉ុនបានផ្តល់នូវរថយន្តចំនួន ១០បន្ថែមទៀត ដើម្បីសម្របសម្រួល និងបន្តប្រគល់ជូនដល់រដ្ឋបាលក្រុង ស្រុក ចំនួន ៧ លើការពង្រឹងសេវាប្រមូល និងដឹកជញ្ជូនសំរាម ទៅចាក់ចូលនៅទីលានឱ្យស្អាត និងទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា គម្រោងនេះ ប្រទេសជប៉ុនបានផ្តល់រថយន្តដឹកសំរាម ដោយទីក្រុងអូសាកា ដែលអាចចល័តលើផ្លូវតូចៗ និងដឹកសំរាមបានច្រើន ដើម្បីជួយផ្តល់នូវបរិស្ថានស្អាតសម្រាប់ប្រជាជនកម្ពុជាបន្ថែមទៀត។ ហើយនាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានកំពុងនឹងរៀបចំផែនការសកម្មភាព«ការសម្អាតដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១» នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផែនការសកម្មភាពនេះ បាននិងកំពុងរៀបចំសំរាតអនាម័យបរិស្ថាន រើសសំរាម ប្រមូលទុកដាក់ គឺដើម្បីឱ្យបណ្តាក្រុង ស្រុក ខណ្ឌនានា នៅតាមដងផ្លូវជាតិគោលដៅ មានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ នៅក្នុងឆ្នាំ២០២៥៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment