កំពត ក្លាយជាខេត្តទី២១ ដែលប្រកាសទទួលស្គាល់ជាខេត្តODF

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តកំពត ជាខេត្តទី២១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ពិធីប្រកាសទទួលស្គាល់នេះ បានធ្វើឡើងក្នុងបរិវេណរមណីយដ្ឋានស្រះឈូក ខេត្តកំពត កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរខេត្ត តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្ដរជាតិ មន្ដ្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ១ ៦៧៥នាក់។

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យជនបទ ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែល​បច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្ដចូលរួមរក្សាឱ្យបាននូវនិរន្ដរភាពជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល សូមឱ្យបន្តចូលរួមយ៉ាងសកម្ម និងសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើក​កម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយបន្តយកចិត្តទុកដាក់គាំទ្រដល់ប្រជាពលរដ្ឋនៅតាមភូមិដាច់ស្រយាល និងជនងាយរងគ្រោះនានា ដើម្បីឱ្យពួកគាត់មានលទ្ធភាពពេញលេញក្នុងការទទួលបានសេវាទឹកស្អាត ការសំអាត និងអនាម័យជនបទគ្រប់ៗគ្នា។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានបញ្ជាក់ដែរថា នៅក្នុងខេត្តកំពត ចែកចេញជា ៩ ក្រុង-ស្រុក, ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ មានប្រជាពលរដ្ឋសរុប ៧០៩ ៣៧៥នាក់ ស្មើនឹង ១៦៥ ៩៨៥គ្រួសារ ក្នុងនោះខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ ស្មើនឹង ១០០% ដែលខ្នងផ្ទះមានបង្គន់អនាម័យផ្ទាល់ខ្លួន មានចំនួន ១៤៩ ៤៥៨ខ្នងផ្ទះ ស្មើនឹង ៩៤,៣៧%, ខ្នងផ្ទះប្រើបង្គន់អនាម័យរួម មានចំនួន ៨ ៩១១ខ្នងផ្ទះ ស្មើនឹង ៥,៦៣%ដែលធ្វើឱ្យស្ថានភាពក្រុង ស្រុក, ឃុំ សង្កាត់ និងភូមិ សម្រេចបានការបញ្ចប់ការបន្ទោបង់ពាលវាលពាលកាលនៅទូទាំងខេត្ត។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីរបស់អង្គការភ្លែនអន្តរជាតិ និងជាតំណាងអង្គការដៃគូអភិវឌ្ឍន៍វិស័យផ្គង់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា បានលើកឡើងថា អង្គការភ្លែនអន្តរជាតិ និងអង្គការដៃគូនានា កិច្ចខិតខំប្រឹងប្រែង និង​កិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងចូលរួមយ៉ាងសកម្មជួយអភិវឌ្ឍខេត្តកំពត លើការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ រហូតធ្វើឱ្យខេត្តទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនាថ្ងៃនេះ។

ជាពិសេស អង្គការភ្លែនអន្តរជាតិ ប្តេជ្ញាចិត្ត បន្តគាំទ្រ និងសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការបន្តលើកកម្ពស់ការទទួលបានទឹកស្អាតនិងអនាម័យរបស់ប្រជាជននៅតាមជនបទតាមរយៈការពង្រឹង​យន្តការសហប្រតិបត្តិ​ការដែលមាន​ស្រាប់ដើម្បីឈានទៅសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទូទាំងប្រទេសឱ្យបាននៅឆ្នាំ២០២៥ និងអត្រាគ្របដណ្តប់ជាមូលដ្ឋាន ទាំងទឹកស្អាត និងទាំងអនាម័យជនបទ ១០០% នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment