រដ្ឋាភិបាលស្វីស នឹងបន្តគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា និងបានបង្ហាញមោទនភាព ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ជាមួយនឹងការដកស្រង់បទពិសោធន៍ ក៏ដូចជាបានស្វែងយល់ពីប្រវត្តិសាស្ត្រ សម្បត្តិវប្បធម៌ និងអរិយធម៌ដ៏សម្បូណ៌បែបរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ផងដែរ។
នៅក្នុងជំនួបនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការពង្រឹងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាជន ជាអាទិភាពដ៏សំខាន់ និង ចាំបាច់របស់កម្ពុជា។
បន្ថែមលើនេះ, សម្ដេចធិបតី បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជានិងស្វីសនៅមានសក្តានុពលជាច្រើនទៀតនៅក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនេះ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច, វិនិយោគ, ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ៕





