តំណាងUN ប្រចាំកម្ពុជា គាំទ្រជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា លោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា (Vladanka Andreeva) បានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហរសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា លើបញ្ហាជម្លោះព្រំដែនជាមួយថៃ។ ការបង្ហាញការគាំទ្រនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

លោកស្រី​ បានសង្កត់ធ្ងន់ដោយជឿជាក់ក្នុងនាមស្ថាប័នអង្គការសហប្រជាជាតិថា ប្រទេសជិតខាងទាំងពីរ កម្ពុជានិងថៃ នឹងដោះស្រាយការខ្វែងគំនិតគ្នានេះដោយសន្តិវិធី ស្របតាមស្មារតីនៃធម្មនុញ្ញសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍រួម​នៃប្រជាជននៃប្រទេសទាំងពីរផងដែរ។

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក៏បានបញ្ជាក់ជូនលោកស្រី វ្ល៉ាដាន់កា អាន់ដ្រេវ៉ា ពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងស្ថានភាពទំនាស់ព្រំដែនកម្ពុជា-ថៃ និងការសម្រេចរបស់កម្ពុជាក្នុងការផ្តល់សច្ចាប័នលើច្បាប់សមុទ្រ ក៏ដូចជាការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

សម្តេច បានសង្កត់ធ្ងន់លើជំហរដ៏រឹងមាំនិងមិនកែប្រែរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញាពាក់ព័ន្ធ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment