ក្នុងដំណើរទស្សនកិច្ចដើម្បីពិនិត្យការរៀន និងបង្រៀន នៅវិទ្យាល័យសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីកត្តាសំខាន់ចំនួន៤ ដែលនាំឲ្យការអនុវត្តកំណែទម្រង់វិស័យអប់រំកាន់តែមានប្រសិទ្ធភាព និងគុណភាព។
កត្តាសំខាន់ចំនួន៤ ដែលឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនោះរួមមាន៖
(ទី១). កត្តាសាលារៀន៖ ត្រូវតែមានអគារហេដ្ឋារចនាសម្ព័ន្ធសមស្រប បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ រៀបចំបរិស្ថានសាលារៀនស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់ទៅរៀន និងជាពិសេសការដឹកនាំគ្រប់គ្រងបានល្អពីសំណាក់នាយក នាយិកាសាលារៀន ដែលជំរុញបាននូវអភិបាលកិច្ចសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់។
(ទី២). កត្តាសិស្ស៖ សិស្សត្រូវមានសុខភាពរឹងមាំល្អ ខួរក្បាលឆ្លាតវៃទើបរៀនបានពូកែ ការបញ្ជូនកូនឱ្យចូលរៀនថ្នាក់មត្តេយ្យ ដើម្បីរៀបចំពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ ការចូលរៀនថ្នាក់បឋមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត។
(ទី៣). កត្តាគ្រូបង្រៀន៖ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្តាលគ្រូបង្រៀន ឱ្យមានគុណភាព ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ និងបន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន និងបន្តលើកកម្ពស់តួនាទី កិត្តិយស និងជីវភាពគ្រូបង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម។
និង(ទី៤). កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល៖ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ ក៏ត្រូវមានការគាំទ្រទាំងផ្នែកស្មារតី និងធនធានពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ផងដែរ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា កំណែទម្រង់វិស័យអប់រំនាពេលកន្លងមក បានចាប់ផ្តើមពីការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិក្នុងឆ្នាំ២០១៣ និងការអនុវត្តកំណែទម្រង់បច្ចុប្បន្ន នៅកម្រិតបឋមសិក្សា ដោយក្រសួងអប់រំបានដាក់ឱ្យអនុវត្តនៅកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង និងការបណ្តុះបណ្តាលគ្រូ។ នៅមធ្យមសិក្សា សាលាត្រូវធ្វើតេស្តដើមឆ្នាំ រៀបចំផែនការសម្រាប់បំប៉នសិស្សខ្សោយជាប្រចាំ ជាពិសេសលើការអាន ការសរសេរ គណិតវិទ្យា និងមុខវិជ្ជាសំខាន់ៗផ្សេងទៀត បន្តពង្រឹងវិធីសាស្ត្របង្រៀនថ្មីៗ លើកកម្ពស់សុខភាពសិក្សា ផ្តោតលើការអប់រំឌីជីថល និងបានលើកទឹកចិត្តសិស្សឱ្យប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រយោជន៍ ពោលគឺការប្រើប្រាស់ទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក ដើម្បីទទួលបានចំណេះដឹងបន្ថែម៕






