អ្នកនាំពាក្យ៖ សហគមន៍កសិ​កម្មទំនើប«បន្លែផ្ទះ​សំណា​ញ់​ត្រាំកក់» បង្ហាញភាពស៊ាំរបស់ខ្លួន​ទប់ទល់នឹងហានិ​ភ័យ​ទីផ្សារ

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា​ សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» បង្ហាញភាពស៊ាំរបស់ខ្លួនទប់ទល់នឹងហានិភ័យទីផ្សារ តាមរយៈការបន្តបែងចែកភាគលាភប្រាក់ចំណេញប្រចាំខែដល់សមាជិកជាលើកទី៣ ខណៈពេលដែលថ្លៃបន្លែនៅក្រៅសហគមន៍បានធ្លាក់ចុះខ្លាំងនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ហើយភាគច្រើននៃកសិករដែលមិនមែនជាសមាជិកសហគមន៍មិនអាចទទួលបានប្រាក់ចំណេញឡើយ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា បើប្រៀបធៀបថ្លៃសម្រាប់ខែធ្នូ ជាមធ្យមបន្លែសហគមន៍លក់ចេញក្នុងតម្លៃ ១៥០០៛/គីឡូ ទាបជាងខែកន្លងទៅបន្តិច តែនៅតែទទួលបានប្រាក់ចំណេញសមរម្យ និង«ខ្ពស់ជាងថ្លៃបន្លែនៅក្រៅសហគមន៍រហូតដល់ទៅ៣ដង» ដែលជាទូទៅបានត្រឹមតែ៥០០៛/គីឡូ ប៉ុណ្ណោះ។ ថ្លៃដើមផលិតសម្រាប់ដំណាំបន្លែក្នុងតំបន់នេះប្រហែល ៨០០៛/គីឡូ។

ទន្ទឹមនឹងនេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបន្ថែមថា សហគមន៍ក៏បានបង្កើនបរិមាណផលិតកម្មបន្លែរបស់ខ្លួន ខ្ពស់ជាងកាលពីខែវិច្ឆិកា ក្នុងចំនួនជិត២០តោនផងដែរ។

គួររម្លឹកថា ក្នុងឳកាសជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យប្រជាកសិករទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់ មិនត្រឹមតែប៉ុណ្ណោះ សហគមន៍កសិកម្មទំនើបនឹងទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយឱ្យបានជាអតិបរិមា។

គួរបញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺសំដៅទៅលើការផ្លាស់ប្តូរផ្នត់គំនិត របស់កសិករពីទម្លាប់ នៃការធ្វើកសិកម្មបែបប្រពៃណីដាច់ដោយឡែកពីគ្នា មកចេះធ្វើផលិតកម្មរួមក្នុងសហគមន៍ និងមានមានផែនការផលិតកម្ម រួមច្បាស់លាស់ ជាពិសេសមានការគ្រប់គ្រង ស្តង់ដាបច្ចេកទេសត្រឹមត្រូវ ។

រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនូវកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាចក្ខុវិស័យ​នៃការ​អនុវត្តផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថា នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយភាតរបរិស្ថាន និងចីរភាព៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment