រាជរដ្ឋាភិបាល ណែនាំ​ឲ្យកសាង​សមត្ថភាព​​​យល់ដឹងអំពីសុវត្ថិភាព​តាម​ប្រព័ន្ធអនឡាញ​ សម្រាប់ម​នុស្សចាស់

ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ខាងមុខ ត្រូវបានរាជរដ្ឋាភិបាលកំណត់យកប្រធានបទ «មនុស្សចាស់ក្នុងបរិវិត្តកម្មឌីជីថល» ។

ស្របគ្នាជាមួយប្រធានបទឆ្នាំនេះ តាមរយៈសារាចរដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៦ សីហា ២០២៤ បានណែនាំឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញសម្រាប់មនុស្សចាស់ តាមរយៈកម្មវិធីលើកកម្ពស់ការយល់ដឹង និង ការកសាងសមត្ថភាពសម្រាប់មនុស្សចាស់និងជនងាយរងគ្រោះដទៃទៀត។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ណែនាំឲ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់កិច្ចអន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់ បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឲ្យបានទូទាំងប្រទេស ស្របតាមផែនការ ដែល​បានកំណត់ដោយឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ។ ជាពិសេសយកចិត្តទុកដាក់ជួយមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា សូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសមា មនុស្សចាស់ដែលមានស្រាប់។

គួរបញ្ជាក់ថានៅក្នុង«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១» របស់រាជរដ្ឋាភិបាល អាណត្តិទី៧បានប្រកាសដាក់ឱ្យអនុវត្ត ដោយបានកំណត់អាទិភាពចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ក្នុងនោះ, «បច្ចេកវិទ្យា» គឺជា អាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី ៥ គឺ «ការកសាងសេដ្ឋកិច្ច និង សង្គម​ឌីជីថ​ល​» ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment