អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា និងថៃ ឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា

​រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំរឺជាភាសាអង់គ្លេសហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។

ជំហរបែបនេះត្រូវបានប្រកាសជាផ្លូវការដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្រោយពីគណៈរដ្ឋមន្ត្រីថៃ​អនុម័ត​ដកខ្លួនពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU-2001 ឬភាគីថៃហៅថា MOU-44។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជំហរនេះប្រាប់នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល ដោយផ្ទាល់នៅឯជំនួបត្រីភាគីនៅកោះសេប៊ូ ប្រទេសហ្វីលីពីន។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១១ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ភាគីថៃបានទទួលស្គាល់នូវការជូនដំណឹងអំពីជំហររបស់កម្ពុជាក្នុងការប្រើប្រាស់​យន្តការផ្សះផ្សាដោយ​ចាប់បង្ខំក្រោម​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ កម្ពុជា និងថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា។ កម្ពុជាក៏បានបញ្ជូនកំណត់ទូតទៅភាគីថៃ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ររួចហើយ។

បន្ថែមពីលើនេះ ឯកឧត្តម ប៉ែន បូណា បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានគូសបញ្ជាក់ជំហររបស់កម្ពុជាថា គ្មានការចាំបាច់ត្រូវចរចាជាមួយភាគីថៃដើម្បីបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មីណាមួយទៀត​ឡើយក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគីរួចមក ពោលគឺកម្ពុជានិងថៃត្រូវធ្វើដំណើរឆ្ពោះទៅយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តងទើបអាចដោះស្រាយបញ្ហាដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌។ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័ននីតិបញ្ញត្តិទាំងពីរគឺ ព្រឹទ្ធសភា និងរដ្ឋសភា៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment