ក្រុមហ៊ុន Zhengzhou Chen’s Sunរបស់ចិន​ ចង់​វិនិយោគ​លើដំណាំ​ទុរេន​នៅកម្ពុជា

ក្រុមហ៊ុន Zhengzhou Chen’s Sun ដែលជាក្រុមហ៊ុនប្រឡូកក្នុងឧស្សាហកម្មផ្លែឈើជាង៣០ឆ្នាំ បានបង្ហាញអារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសដំណាំទុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញមកកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត ដែលរំពឹងថា នឹងចូលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជននៅកម្ពុជា។

ការបង្ហាញចំណាប់អារម្មណ៍លើដំណាំទុរេននៅកម្ពុជានេះ បានធ្វើឡើង នៅក្នុងជំនួបរវាង លោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន Zhengzhou Chen’s Sun និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។

លោកស្រី Xuemei Chen បានបញ្ជាក់ថា ការចង់វិនិយោគលើដំណាំទុរេននៅកម្ពុជា ដោយសារក្នុងដំណើរមកទស្សនាប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៨ គឺលោកស្រី បានពិនិត្យឃើញថា កម្ពុជាមានសក្ដានុពលខ្លាំងខាងវិស័យកសិកម្ម ជាពិសេសគឺឧស្សាហកម្មផ្លែឈើ ដំណាំទុរេន។

ទន្ទឹមគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលើការវិនិយោគខាងវិស័យកសិកម្ម ជាពិសេសដំណាំទុរេន នៅកម្ពុជា ។ ហើយសម្តេចបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពលលើផលិតផលកសិកម្មច្រើនប្រភេទ ដែលវិនិយោគិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ប្រកបដោយភាពប្រកួតប្រជែង។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាលម្អិត និងសហការជាមួយក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក សំដៅប្រែក្លាយផែនការវិនិយោគរបស់ក្រុមហ៊ុន ឱ្យចេញលទ្ធផលជាក់ស្ដែង ក្នុងពេលដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Zhengzhou Chen’s Sun ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ មានទីស្នាក់ការនៅទីក្រុង Zhengzhou ប្រទេសចិន។ ក្រុមហ៊ុន ផ្តោតលើកការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជផ្លែឈើ ការដាំដុះទ្រង់ទ្រាយធំ ការកែច្នៃ ក្រោយការប្រមូលផល ការចែកចាយ ការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ ចែកចាយគ្រប់បណ្តាញ, ការលក់ដុំ និងទីផ្សារលក់រាយ, ផលិតគ្រាប់ផ្លែឈើស្ងួត និងអាហារសម្រន់។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជានាំចេញផ្លែទុរេនបានចំនួនប្រមាណ ៧ពាន់តោន មានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក ក្រោមការខិតខំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ រំពឹងថា ទុរេនខ្មែរនឹងអាចនាំចេញទៅកាន់ទីផ្សារចិននៅអំឡុងឆ្នាំ២០២៥ ខាងមុខនេះ ខណៈ នីតិវិធីបែបបទពាក់ព័ន្ធបានរៀបចំរួចរាល់ហើយ នៅតែរង់ចាំភាគីចិនចុះមកពិនិត្យបច្ចេកទេស​ដាំដុះ និងការវេចខ្ចប់ដោយផ្ទាល់តែប៉ុណ្ណោះ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment